មន្ត្រី ក.ប.ប. ខេត្តព្រះសីហនុ ចុះស្រាវជ្រាវ និងប្រមូលសំណាកទំនិញគ្រឿងសំណង់ និងគ្រឿងបន្លាស់ម៉ូតូ ដើម្បីទប់ស្កាត់សារធាតុពុលអាសបេស្តុស (Asbestos)
————————————————————

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីនៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ( ក ប ប ) ខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការដឹកនាំផ្ទាល់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះប្រតិបត្តិការស្រាវជ្រាវ និងប្រមូលសំណាកគំរូទំនិញសង្ស័យ ដើម្បីត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ព្រមទាំងការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃសារធាតុគីមីដ៏គ្រោះថ្នាក់។
បើយោងតាមរបាយការណ៍ពីមន្ត្រីជំនាញ ការចុះប្រតិបត្តិការនេះបានផ្តោតសំខាន់លើប្រភេទផលិតផលចំនួនពីរក្រុមធំៗ រួមមាន គ្រឿងសំណង់ រួមមាន ស្មាតបត (Smartboard) ហ្វីប្រូស៊ីម៉ង់ត៍ ពិដាន/ម្នាងសិលា/បិតស៊ីម៉ង់ត៍ ក្បឿង ការ៉ូឈើ និងផ្លែម៉ូទ័រកាត់ដែក/ខាត់ឈើ។ សម្រាប់គ្រឿងបន្លាស់ម៉ូតូ រួមមាន ស្បែកហ្វាំង ទ្រនាប់រ៉ងម៉ាស៊ីន និងអំបោះឆៅរុំស៊ីម៉ាំង។
ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនអាជីវករហាងទាំងពីរ ដែលបានសហការយ៉ាងល្អប្រសើរក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យនេះ។ អ្វីជាសារធាតុអាសបេស្តុស (Asbestos) និងហេតុអ្វីបានជាអាជ្ញាធរយកចិត្តទុកដាក់? សារធាតុអាសបេស្តុស គឺជាប្រភេទរ៉ែធម្មជាតិដែលមានសរសៃតូចៗល្អិតខ្លាំង និងត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជាសារធាតុគីមីបង្កគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរ និងជាភ្នាក់ងារបង្កជំងឺមហារីកលើមនុស្សយ៉ាងសាហាវ។
១. ផលប៉ះពាល់ផ្ទាល់លើសុខភាពមនុស្ស ជំងឺមហារីកស្រោមសួត (Mesothelioma) ជាជំងឺមហារីកកាចសាហាវ និងកម្រ ដែលកើតឡើងលើស្រោមសួត ឬស្រោមពោះ ដោយមានមូលហេតុចម្បងតែមួយគត់គឺការដកដង្ហើមចូលនូវសរសៃអាសបេស្តុស។ជំងឺមហារីកសួត (Lung Cancer)៖ ការស្រូបយកសរសៃអាសបេស្តុសចូលទៅក្នុងសួតជារៀងរាល់ថ្ងៃ បង្កើនហានិភ័យខ្ពស់បំផុត។
ជំងឺអាសបេស្តូស៊ីស (Asbestosis)៖ ជំងឺសួតរ៉ាំរ៉ៃដែលបណ្តាលឱ្យមានស្នាមរលាក និងក្រិននៅក្នុងលិបសួត ធ្វើឱ្យអ្នកជំងឺពិបាកដកដង្ហើម ហត់ និងក្អករ៉ាំរ៉ៃ។ ជំងឺមហារីកដទៃទៀត៖ អាចបង្កជាមហារីកបំពង់ក ក្រពះ-ពោះវៀន និងក្រពេញអូវែរ។
២. យន្តការនៃការបញ្ចេញសារធាតុពុល ផលិតផលមានផ្ទុកអាសបេស្តុស (ដូចជា ហ្វីប្រូស៊ីម៉ង់ត៍ ស្មាតបត និងស្បែកហ្វាំង) មិនបញ្ចេញគ្រោះថ្នាក់ភ្លាមៗទេ ប្រសិនបើស្ថិតក្នុងស្ថានភាពល្អ ប៉ុន្តែវាក្លាយជាគ្រោះថ្នាក់នៅពេលការកែច្នៃ ការកាត់ ឆ្កៀល ស្វាន ឬខាត់ ធ្វើឱ្យសរសៃអាសបេស្តុសហោះអណ្តែតក្នុងអាកាសជាធូលីល្អិតៗ។
ការកកិត និងសឹក ការជាន់ហ្វាំងម៉ូតូ ឬរថយន្ត បញ្ចេញធូលីអាសបេស្តុសទៅក្នុងបរិយាកាស។ ការចាស់រុករោះ និងបាក់បែក អគារ ឬដំបូលចាស់ៗធ្វើឱ្យធ្លាក់ជ្រុះសរសៃពុលចូលក្នុងខ្យល់ ឬប្រភពទឹក។
៣. លក្ខណៈពិសេសនៃការបង្កជំងឺ គ្មានក្លិន និងមើលមិនឃើញ ភ្នែកទទេមិនអាចមើលឃើញសរសៃទាំងនេះឡើយ ធ្វើឱ្យអ្នកស្រូបចូលមិនដឹងខ្លួន។ រយៈពេលសម្ងំយូរ (Latency Period) រោគសញ្ញាជំងឺមិនបង្ហាញភ្លាមៗទេ ប៉ុន្តែត្រូវពេលចន្លោះពី ១០ ទៅ ៤០ឆ្នាំ ទើបផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរ។
៤. ផលប៉ះពាល់លើបរិស្ថាន និងសេដ្ឋកិច្ច សំណល់សំណង់ដែលមានផ្ទុកអាសបេស្តុសបើបោះចោលពាសវាលពាសកាល នឹងបំពុលដី ទឹក ខ្យល់ និងបង្កបន្ទុកសេដ្ឋកិច្ចគ្រួសារលើការចំណាយព្យាបាលសុខភាព ក៏ដូចជាកាត់បន្ថយផលិតភាពសង្គមផងដែរ៕ អត្ថបទ ៖ មឿន ស្រីមុំ