បេតុងជាច្រើនខ្សែ កំពុងលើកកម្ពស់ភូមិឋាន និងជីវភាពរស់នៅពលរដ្ឋស្រុកជុំគិរី ខេត្តកំពត 

ផ្លូវបេតុងជាច្រើនខ្សែ កំពុងលើកកម្ពស់ភូមិឋាន និងជីវភាពរស់នៅពលរដ្ឋស្រុកជុំគិរី ខេត្តកំពត

———————————————————- ———————————————————

កំពត៖ គម្រោងកសាងផ្លូវបេតុងអាមេរបស់មូលនិធិឃុំឆ្នាំ២០២៦ នៅស្រុកជុំគិរី ខេត្តកំពត បានលេចចេញជារូបរាងបណ្តើរៗហើយ ក្នុងនោះមានដូច ផ្លូវបេតុងអាមេនៅភូមិធ្មា ឃុំច្រេស ភូមិព្រៃយ៉ាត់ ឃុំស្រែក្នុង និងផ្លូវបេតុងអាមេនៅភូមិធ្លោកយ៉ុល ឃុំស្រែសំរោង ដែលបាននិងកំពុងជួយកែលម្អការតភ្ជាប់ក្នុងមូលដ្ឋាន និងបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានេះតំណាងអាជ្ញាធរឃុំទាំងបីបានលើកឡើងថា ផ្លូវបេតុងទាំងនេះជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ ព្រោះបានតភ្ជាប់តំបន់លំនៅដ្ឋានទៅកាន់តំបន់កសិកម្ម ទីផ្សារ និងសេវាសាធារណៈ ខណៈការមានផ្លូវល្អបានជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ កាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូន ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន។ អាជ្ញាធរឃុំក៏បានប្តេជ្ញាបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានយូរអង្វែង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវទាំងនោះ បានបង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ដោយលើកឡើងថា កាលពីមុនការធ្វើដំណើរមានការលំបាក ជាពិសេសនៅរដូវវស្សា ប៉ុន្តែបច្ចុប្បន្នផ្លូវបេតុងបានធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល និងសុវត្ថិភាព ព្រមទាំងជួយសម្រួលការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងការទៅទទួលសេវាសាធារណៈ។ ពួកគាត់ក៏បានប្តេជ្ញាចូលរួមថែរក្សាផ្លូវ ដើម្បីឱ្យសមិទ្ធផលទាំងនេះបម្រើផលប្រយោជន៍សហគមន៍បានយូរអង្វែង។

ការបន្តអភិវឌ្ឍផ្លូវថ្នល់នៅតំបន់ជនបទនេះ គឺជាការអនុវត្តស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ កែលម្អការតភ្ជាប់ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងជនបទ។ ជាមួយនឹងការជួយបង្កើនផលិតភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់លទ្ធភាពទទួលបានសេវាសាធារណៈ សមិទ្ធផលទាំងនេះក៏ជាផ្នែកមួយនៃដំណើរអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៕

Leave a Reply

Your email address will not be published. Required fields are marked *