ករណីហូប«ត្រីស្ទក់» អ្នកនាំពាក្យស្នើពលរដ្ឋបង្កើនការស្វែងយល់ពីប្រភេទត្រីកម្រឬកំពុងរងគ្រោះថ្នាក់មុនយកមកបរិភោគ

ករណីហូប«ត្រីស្ទក់»៖ អ្នកនាំពាក្យស្នើពលរដ្ឋបង្កើនការស្វែងយល់ពីប្រភេទត្រីកម្រឬកំពុងរងគ្រោះថ្នាក់មុនយកមកបរិភោគ    ——————————————————

( ភ្នំពេញ)    ជុំវិញមានការជជែកវែកញែកយ៉ាងផុលផុសជុំវិញករណី «ត្រីស្ទក់» ដែលលោក ពាក់ មី បានយកមកចម្អិន និងបង្ហោះលើបណ្តាញសង្គម អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានណែនាំឱ្យសាធារណៈជនប្រុងប្រយ័ត្ន និងស្វែងយល់ពីប្រភេទត្រី ថាតើត្រីនោះស្ថិតក្នុងប្រភេទសត្វកម្រឬប្រភេទកំពុងរងគ្រោះថ្នាក់ដែរឬទេ មុនយកមកបរិភោគ។

ជាជាងការបន្តដេញដោលលើករណីនេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា៖«យើងគួរទាញយកជាបទពិសោធ និងការសន្និដ្ឋានរួមមួយ សម្រាប់ការដើរទៅមុខទាំងអស់គ្នា»។ ពោលការចូលរួមបញ្ចេញមតិរបស់មហាជននាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ជាងមុនទៅលើការអភិរក្សធនធានធម្មជាតិ បើធៀបនឹងពេលកន្លងមក។

ទន្ទឹមនេះ លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា លោក ពាក់ មី ក៏តែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំ និងទប់ស្កាត់បទល្មើសនេសាទ។ ទោះជាយ៉ាងណា ការស្គាល់គ្រប់ប្រភេទត្រីដែលកំពុងរងការគំរាមកំហែង នៅតែជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅ។ មានន័យថា ចំណេះដឹងអំពីចំណាត់ថ្នាក់ត្រីកម្រ ឬរងគ្រោះថ្នាក់ជិតផុតពូជ មិនសូវជាបានជ្រួតជ្រៀបដល់សាធារណជនច្រើនទេ ពោលនៅមានពលរដ្ឋយើងច្រើននៅមិនស្គាល់ប្រភេទត្រីទាំងនេះបានច្រើនឡើយ។

 

ប្រភពអ្នកនាំពាក្យដដែល ថ្លែងថា ហេតុដូច្នេះព្រឹត្តិការណ៍ខាងលើនេះ បានក្លាយជាមេរៀនមួយសម្រាប់សាធារណជនក្នុងការបង្កើនការប្រុងប្រយ័ត្ន និងស្វែងយល់ជាមុនថាតើប្រភេទត្រីដែលនឹងត្រូវយកមកបរិភោគ ជាប្រភេទត្រីកម្រ ឬកំពុងរងគ្រោះថ្នាក់ដែរឬទេ។

ជាមួយគ្នា លោកបន្ថែមថា ជំនួសឱ្យការបន្ទោសដាក់គ្នាទៅវិញទៅមក រវាងអ្នកដឹង និងអ្នកមិនដឹង ឬរវាងអ្នកទិញ អ្នកលក់ និងអ្នកនេសាទ លើរឿងដែលបានកើតឡើងរួចហើយនោះ យើងគួរបែរមកចូលរួមស្ថាបនា និងផ្តល់ការគាំទ្រដល់មន្ត្រីជលផល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ និងសកម្មជន ដែលកំពុងខិតខំប្រឹងប្រែងការពារ និងស្តារធនធានទាំងនេះវិញ។ ដូច្នេះ ដើម្បីឱ្យការចូលរួមការពារកាន់តែមានប្រសិទ្ធភាព ការបន្តជួយផ្សព្វផ្សាយ និងអប់រំគ្នាទៅវិញទៅមក អំពីប្រភេទជលផលដែលកំពុងរងការគំរាមកំហែង គឺជារឿងចាំបាច់បំផុត។

ជុំវិញបញ្ហានេះអ្នកនាំពាក្យកសិកម្ម សង្ឃឹមថា ព្រឹត្តិការណ៍នេះគឺជាសារក្រើនរំលឹកមួយដល់យើងទាំងអស់គ្នា ឱ្យបន្តសហការគ្នាថែរក្សា និងការពារធនធានជលផលកម្ពុជាឱ្យបានគង់វង្សយូរអង្វែង សម្រាប់កូនចៅច្រើនជំនាន់តទៅមុខទៀត៕

ប្រភព វិទ្យុវាយោ

Leave a Reply

Your email address will not be published. Required fields are marked *