អាជ្ញាធរខេត្តកំពត បន្តដាំកូនត្នោត ៣ពាន់ដើមបន្ថែមតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបន្ទាយមាស ក្រោយដាំបាន ១ម៉ឺន៧ពាន់ដើមនៅស្រុកកំពង់ត្រាច

អាជ្ញាធរខេត្តកំពត បន្តដាំកូនត្នោត ៣ពាន់ដើមបន្ថែមតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបន្ទាយមាស ក្រោយដាំបាន ១ម៉ឺន៧ពាន់ដើមនៅស្រុកកំពង់ត្រាច

———————————————————

(ខេត្តកំពត )    អាជ្ញាធរខេត្តកំពត បានបន្តដាំកូនត្នោតចំនួន ៣.០០០ដើម តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ដើម្បីចូលរួមលើកកម្ពស់បរិស្ថានបៃតង និងអភិរក្សមរតកវប្បធម៌ជាតិ។ ការដាំលើកនេះធ្វើឡើងបន្ទាប់ពីខេត្តកំពតបានដាំកូនត្នោតចំនួន ១៧.០០០ដើម ចំនួន៣លើករួចមកហើយ នៅស្រុកកំពង់ត្រាច ក្នុងឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤។

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរខេត្តកំពត រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកបន្ទាយមាស និងប្រជាពលរដ្ឋ បានរៀបចំពិធីដាំកូនត្នោតចំនួន ៣.០០០ដើម ដើម្បីអបអរសាទរ «រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦» ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានគូសបញ្ជាក់ពីសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនរបស់ដើមត្នោត ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែដើមត្នោតក៏ជាអត្តសញ្ញាណជាតិដ៏សំខាន់ និងតំណាងឱ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សា ការពារ និងបន្តដាំដើមត្នោតឱ្យបានកាន់តែច្រើន។

ជាពិសេស លោកបានផ្តួចផ្តើមគំនិតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ចូលរួមបង្កើតអនុស្សាវរីយ៍ប្រកបដោយអត្ថន័យ ដោយគូស្វាមីភរិយាថ្មីដែលមកចុះសំបុត្រអាពាហ៍ពិពាហ៍ អាចចូលរួមដាំដើមត្នោតម្នាក់មួយដើម ដើម្បីទុកជាកេរដំណែល និងជាចំណែកមួយក្នុងការបង្កើនភាពស្រស់បំព្រងតាមបណ្តោយព្រំដែន។

លោក ម៉ៅ ធនិន បានបន្តថា ការដាំកូនត្នោតលើកនេះ គឺជាលើកទី៤ បន្ទាប់ពីបានរៀបចំដាំចំនួន៣លើករួចមកហើយ នៅស្រុកកំពង់ត្រាច ក្នុងឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤។ សរុបទាំង៤លើក ខេត្តកំពតបានដាំកូនត្នោតចំនួន ២០.០០០ដើម។

ដោយលោកបានបញ្ជាក់ថា ការដាំដើមត្នោតតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការទាញយកផលប្រយោជន៍ពីដើមត្នោត។ ជាមួយគ្នានេះ តំបន់ទាំងនេះក៏អាចអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ទាក់ទាញនាពេលអនាគត តាមរយៈការទទួលភ្ញៀវទេសចរមកទស្សនា កម្សាន្ត និងទិញផលិតផលដែលផលិតចេញពីដើមត្នោត។

យោងតាមរបាយការណ៍របស់លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា មន្ទីរបានរៀបចំពិធីដាំដើមត្នោតតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅស្រុកកំពង់ត្រាច ចំនួន៣លើករួចមកហើយ។

លើកទី១ នៅឆ្នាំ២០២២ បានដាំកូនត្នោតចំនួន ៥.០០០ដើម នៅសងខាងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង១០គីឡូម៉ែត្រ ចាប់ពីចំណុចតន់ហន់ ស្ថិតនៅភូមិព្រៃព្រូស ភូមិព្រះទ្រហឹង ភូមិកោះត្នោត និងភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

លើកទី២ នៅឆ្នាំ២០២៣ បានដាំកូនត្នោតចំនួន ៧.៥០០ដើម តាមបណ្តោយផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង៥គីឡូម៉ែត្រ នៅចំណុចអន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច។

លើកទី៣ នៅឆ្នាំ២០២៤ បានដាំកូនត្នោតចំនួន ៤.៥០០ដើម តាមបណ្តោយផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង៣គីឡូម៉ែត្រ នៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។

ដោយឡែក លើកទី៤ ក្នុងឆ្នាំ២០២៦នេះ បានដាំកូនត្នោតចំនួន ៣.០០០ដើម នៅភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស។ ដូច្នេះ សរុបទាំង៤លើក ខេត្តកំពតបានដាំកូនត្នោតតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ចំនួន ២០.០០០ដើម៕

 

Leave a Reply

Your email address will not be published. Required fields are marked *