តំណាងរាស្ត្រមណ្ឌលខេត្តកំពត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ចុះជួសជុលផ្លូវលំមួយខ្សែប្រវែង ៤០០ម៉ែត្រ

តំណាងរាស្ត្រមណ្ឌលខេត្តកំពត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ចុះជួសជុលផ្លូវលំមួយខ្សែប្រវែង ៤០០ម៉ែត្រ
——————————————-

កំពត៖ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា រួមជាមួយអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្តថ្មី នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំជួសជុលផ្លូវលំមួយខ្សែប្រវែង ៤០០ម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម វ៉ាន់ ដារ៉ា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដោយសេចក្តីនឹករលឹក។

ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងតំណាងរាស្ត្រ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវនេះឱ្យបានត្រឹមត្រូវ ដើម្បីធានាចីរភាពនៃការប្រើប្រាស់បានយូរអង្វែង ទុកជាសម្បត្តិសាធារណៈសម្រាប់ផលប្រយោជន៍រួមក្នុងសហគមន៍។

នាឱកាសនោះដែរ ឯកឧត្តម តំណាងរាស្ត្រ ក៏បានឧបត្ថម្ភជូននូវក្រមា សៀវភៅ និងថវិកាមួយចំនួន ដល់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *