ការដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃជាង ១០ឆ្នាំ តាមយន្តការក្រៅប្រព័ន្ធតុលាការ
ពលរដ្ឋនៅភូមិតាដឹបសង្កាត់អណ្ដូងខ្មែរត្រូវបានដោះស្រាយបញ្ចប់

———————————————————
(ខេត្តកំពត ) នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦នេះ វិវាទដីធ្លីរ៉ាំរ៉ៃអស់រយៈពេលជាង ១០ឆ្នាំ របស់លោកតា កែវ សាំ និងលោកយាយ ទូច ម៉ៃសុំ (បានស្លាប់) ដែលត្រូវជាឪពុកម្តាយរបស់លោកស្រី កែវ វ៉ាន់ដា និងប្តីឈ្មោះ ស៊ឹម សាន់ មានទីតាំងស្ថិតនៅក្នុង ភូមិតាដិប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត។
ការដោះស្រាយវិវាទដីធ្លីនេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពត ក្នុងការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមានបញ្ហាវិវាទរ៉ាំរ៉ៃ និងបានអូសបន្លាយរយៈពេលយូរ។ ជាពិសេស គឺការខិតខំសម្របសម្រួលស្វែងរកដំណោះស្រាយដែលអាចទទួលយកបានពីគ្រប់ភាគី ដោយផ្អែកលើគោលការណ៍សន្តិភាព យុត្តិធម៌ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក បញ្ហាវិវាទដីធ្លីនេះបានក្លាយជាបន្ទុកផ្លូវចិត្ត និងជាឧបសគ្គដល់ការប្រើប្រាស់ដីធ្លីរបស់គ្រួសារ។ ការដោះស្រាយបានបញ្ចប់នៅពេលនេះ គឺជាការផ្តល់នូវភាពស្ងប់ចិត្ត និងក្តីសង្ឃឹមថ្មីដល់គ្រួសាររបស់លោកតា កែវ សាំ និងលោកយាយ ទូច ម៉ៃសុំ ដែលបានចែកឋានទៅ ដែលមានតំណាងកូនឈ្មោះកែវ វ៉ាន់ដា និងប្ដីឈ្មោះ ស៊ឹម សាន់ ព្រមទាំងអាចឱ្យភាគីពាក់ព័ន្ធបន្តរស់នៅ និងប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនដោយសន្តិភាព។
ជោគជ័យនេះក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលអាចជួយកាត់បន្ថយការចំណាយ ពេលវេលា និងភាពស្មុគស្មាញនៃនីតិវិធី ខណៈដែលផ្តល់ឱកាសឱ្យភាគីវិវាទពិភាក្សា សម្របសម្រួល និងឈានទៅរកការយោគយល់គ្នា។
ក្នុងឱកាសនេះ គ្រួសារលោកតា កែវ សាំ និងលោកយាយ ទូច ម៉ៃសុំ សូមសម្តែងនូវការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងក្រុមការងារពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបានខិតខំស្វែងរកដំណោះស្រាយរហូតឈានដល់ការបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ។
ការដោះស្រាយវិវាទនេះ គឺមិនត្រឹមតែជាការបញ្ចប់បញ្ហាមួយរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារមួយបង្ហាញថា ការសន្ទនា ការយោគយល់ ការសម្របសម្រួល និងការដោះស្រាយដោយសន្តិវិធី គឺជាមធ្យោបាយដ៏សំខាន់ក្នុងការរក្សាសុខសន្តិភាព សាមគ្គីភាព និងការរស់នៅដោយសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦វិវាទរ៉ាំរ៉ៃជាង ១០ឆ្នាំ ត្រូវបានបញ្ចប់ ដោយនាំមកនូវសន្តិភាព និងភាពស្ងប់ចិត្តជូនគ្រួសារប្រជាពលរដ្ឋ។